ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីប្អូនស្រីជីដូនមួយបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា បានចាប់នាងរំលោភ និងគំរាមសម្លាប់ ។ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ។
លោកវរសេនីយ៍ត្រី ឆេង អ៊ីសុខា អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាប តុលា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកប្អូនស្រីជីដូនមួយ ទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ ។
ក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ខណៈនាងកំពុងដេកនៅលើផ្ទះម្នាក់ឯង ព្រោះម្តាយឪពុកទៅធ្វើការនៅប្រទេសថៃ ឯជីដូនចាស់ជរាពិការជើងទាំងសងខាងសំរាកនៅក្រោមផ្ទះ ស្រាប់បងប្អូនជីដូនមួយរបស់នាងឈ្មោះ ប៉ាប តុលា ឡើងទៅលើផ្ទះ ហើយធ្វើសកម្មភាពចាប់ច្របាច់ក និងគំរាមមិនឲ្យស្រែក បើស្រែកសម្លាប់នាងចោល ពេលនោះនាងខិតខំព្យាយាមរើបម្រះដែរ តែត្រូវឈ្មោះ តុលា វាយក្បាលពោះបណ្តាលឲ្យចុក រួចហើយបានរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន២ដង ។ ដោយមានការឈឺ ចាប់នាងក៏បាននិយាយថា ចុះមកដីក្រោមផ្ទះរកថ្នាំលេប ហើយក៏ដេកជាមួយជីដូននៅខាងក្រោម ។ លុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នាងបាននិយាយប្រាប់ឈ្មោះ នឿត ស៊ីនួន ភេទស្រី អាយុ២៣ឆ្នាំ និងឈ្មោះ សាត ផាត ឲ្យជួយពីករណីនេះ រួចក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យតែម្តង ។
លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុខ្លួនគេបានផឹកស្រាស្រវឹង ហើយបានដើរកាត់មុខផ្ទះជនរងគ្រោះជាប្អូនជីដូនមួយ រួចឡើងទៅដេក លុះវេលាយប់ម៉ោង១០ គេមានអារម្មណ៍ចង់រួមភេទក៏ចាប់បង្ខំប្អូនជីដូនមួយដោយគំរាមសម្លាប់បើនាងហ៊ានស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច២ដងដូចពាក្យនាងចោទប្រកាន់មែន ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានបញ្ជាក់ថា ដោយឆ្លងតាមការស៊ើបអង្កេតជុំវិញករណីរឿងនេះ ព្រមទាំងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ និងសាក្សី ចម្លើយសារភាពរបស់ជនសង្ស័យ បញ្ជាក់ឲ្យឃើញថា ឈ្មោះ ប៉ាប តុលា បានចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ត្រូវជាប្អូនជីដូនមួយរបស់គេពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
Post a Comment